រដ្ឋមន្រ្តីការងារ ថ្លែងអំណរគុណដល់សាធារណជន, បណ្តាញសារព័ត៌មាន និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានជួយផ្សព្វផ្សាយអំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់សាធារណជន, អ្នកវិភាគ និងអ្នកជំនាញនានា, បណ្តាញសារព័ត៌មាន, អាជ្ញាធរមូលដ្ឋាន, ផលិតកម្ម Galaxy Navatra, តារាចម្រៀង, តារាសម្តែង, សិល្បករ សិល្បការិនី, និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ខ្លួនដែលបានជួយផ្សព្វផ្សាយ និងពន្យល់សាធារណជនជាពិសេសក្រុមគោលដៅ អំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
សេចក្តីថ្លែងអំណរគុណរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគ សាធារណជន ផលិតកម្មចម្រៀង សិល្បៈករ និងមន្ត្រី រួមទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (influencer) ជាច្រើន បានជួយផ្សព្វផ្សាយ និងពន្យល់ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីទទួលបានអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរដែលបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់សាធារណជន, អ្នកវិភាគ និងអ្នកជំនាញនានា, បណ្តាញសារព័ត៌មានរួមទាំងទូរទស្សន៍ និងវិទ្យុ, អាជ្ញាធរមូលដ្ឋាន, ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា, ផលិតកម្ម Galaxy Navatra, តារាចម្រៀង, តារាសម្តែង, តារាឯក, សិល្បករ សិល្បការិនី, បុគ្គលដែលមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម, និងមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រប់ជាន់ថ្នាក់ ដែលបានជួយផ្សព្វផ្សាយ និងបង្ហាញនូវសារគាំទ្រចំពោះការដាក់ឱ្យអនុវត្តនូវកម្មវិធីជាផ្លូវការចំនួន២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ គឺ ៖
ទី១- កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ (អ្នកដែលរកស៊ីដោយផ្ទាល់ខ្លួនឯង មិនមានថៅកែ និងមិនមានបុគ្គលិក) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. (ប្តី ឬប្រពន្ធ ដែលមានអាយុក្រោម ៦០ឆ្នាំ និងកូនដែលមានអាយុក្រោម១៨ឆ្នាំ) អាចចុះឈ្មោះ និងបង់ភាគទានតាមគោលការណ៍ស្ម័គ្រចិត្តចំនួន ១៥ ៦០០រៀល ក្នុង១នាក់ ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដូចបងប្អូនកម្មករនិយោជិត និងមន្ត្រីសាធារណៈដែរ។
ទី២- កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ ហើយអាចជួយប្អូនៗ ក្មួយៗ ឱ្យមានការងារសមរម្យ ចំណូលទៀងទាត់ សម្រាប់ជួយខ្លួនឯងផង និងគ្រួសារផង។ ប្អូនៗ ក្មួយៗ ចូលរៀនដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុង ១ខែ រហូតដល់ទៅ ៤ខែ ជាពិសេសទទួលបានជំនាញល្អៗ ដែលទីផ្សារការងារកំពុងតែត្រូវការ។
តាមរយៈការចូលរួមជួយផ្សព្វផ្សាយ និងពន្យល់យ៉ាងទូលំទូលាយនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាត្រូវទទួលអត្ថប្រយោជន៍ពីកម្មវិធីទាំងពីរខាងលើនេះនឹងទទួលបានព័ត៌មាន ហើយទៅចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ដ៏វិសេសវិសាលនេះ។
ខ្ញុំសង្ឃឹមថាសាធារណជននឹងបន្តជួយផ្សព្វផ្សាយព័ត៌មាននេះបន្ថែមទៀត។ ការជួយផ្សព្វផ្សាយ ការជួយពន្យល់ណែនាំ និងការចែករំលែកបន្តនេះ គឺជាការធ្វើបុណ្យកុសលមួយដ៏ធំ ដែលអាចកែប្រែវាសនាមនុស្ស១នាក់ ឬ១គ្រួសារ ហើយក៏ជាការរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល។
ដោយក្តីគោរព ស្រឡាញ់ ដឹងគុណ និងសូមមេត្តាទទួលយកនូវការគោរពអរគុណពីខ្ញុំបាទ ហេង សួរ” ៕