សម្តេចធិបតី៖ ពេលវេលាជាមួយកូនៗ មានតម្លៃលើសសម្ភារៈដែលយើងផ្តល់ឱ្យពួកគាត់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញ ដើរហាត់ប្រាណជាមួយកូនស្រី ឆ្លៀតពោលពាក្យថា ពេលវេលាជាមួយកូនៗ មានតម្លៃលើសសម្ភារៈដែលយើងផ្តល់ឱ្យពួកគាត់។
នៅលើបណ្ដាញសង្គមសម្ដេចធីបតី បានសរសេររៀបរាប់ថា ឪពុកម្តាយគ្រប់រូបអាចយល់ពីអារម្មណ៍មួយនេះ… ពេលវេលាពិតជាដើរលឿនណាស់ ហើយកូនៗរបស់យើងម្នាក់ៗ ពួកគេក៏ធំលឿនដែរ… តែមួយភ្លែត ពួកគេនឹងរីកធំធាត់ទាំងរូបកាយ បញ្ញាញាណ ហើយឯករាជ្យភាពនិងការទទួលខុសត្រូវរបស់ពួកគេក៏កើនឡើងដែរ ជាពិសេសពេលដែលពួកគេត្រូវមានភាពម្ចាស់ការក្នុងការរស់នៅដោយខ្លួនឯង និងមានគ្រួសាររៀងៗខ្លួន។ ពេលនោះ ពេលវេលានៅជាមួយឪពុកម្តាយ ក៏មិនមានច្រើនដូចដែលកាលពីពួកគេនៅក្មេងដែរ។
សម្ដេចធិបតីហ៊ុន ម៉ាណែត បន្ថែមថា ហេតុដូច្នេះ ទោះជារវល់យ៉ាងណា គួរព្យាយាមចំណាយពេលវេលា ជាមួយកូនៗអោយបានច្រើន។ពេលវេលាជាមួយកូនៗ មានតម្លៃលើសសម្ភារៈដែលយើងផ្តល់អោយពួកគាត់។ សម្ភារៈបាត់អាចទិញវិញបាន ប៉ុន្តែពេលវេលាដែលកន្លងហួសហើយ មិនអាចត្រលប់ក្រោយវិញទេ ៕