សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីគោលនយោបាយ អាទិភាពទី៥និងទី៦ របស់រាជរដា្ឋភិបាលកម្ពុជា មានគោលដៅសំខាន់ៗ៣
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្មវិធីគោលនយោបាយ អាទិភាពទី៥និងទី៦ របស់រាជរដា្ឋភិបាលកម្ពុជា មានគោលដៅសំខាន់ៗ៣ ។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦របស់រាជរដា្ឋភិបាលនីតិកាលទី៧នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីបញ្ជាក់ថា គោលដៅសំខាន់ទាំង៣នោះរួមមាន៖ ទី១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន។ ទី២. ដាក់ពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់ ។ និងទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺបន្ទាប់ពីរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការមិនដល់ ៩០ថ្ងៃផង ពោលគឺនៅសល់ ២ថ្ងៃទៀត ទើបរាជរដ្ឋាភិបាលថ្មីដំណើរការបាន ៩០ថ្ងៃ ឬ៣ខែ។
សម្តេចធិបតី បានឲ្យដឹងថា កម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ គឺជាកម្មវិធីចុងក្រោយ នៅក្នុងកម្មវិធីអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវរៀបចំ និងប្រកាសដាក់ឲ្យអនុវត្តន៍នៅមុនដំណាច់ឆ្នាំ២០២៣។
សម្តេចធិបតី បានថ្លែងនូវការកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងគណៈកម្មាធិការគោលនយោបាយ និងគ្រប់បណ្តាក្រសួងស្ថាប័នទាំងអស់ ដែលបានផ្តួចផ្តើម និងរៀបចំចេញជាគោលនយោបាយដែលត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការនាពេលនេះ។
សម្តេចធិបតី បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបាននូវកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ គឺជាកម្មវិធីចុងក្រោយ នៅក្នុងកម្មវិធីអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា៕