សម្តេចធិបតី៖ ការប្រឡងចូលក្របខណ្ឌធ្វើម៉េចឲ្យអ្នកជាប់ប្រកបដោយមោទនៈ ខណៈអ្នកធ្លាក់ឲ្យគេអស់ចិត្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលការណ៍រដ្ឋប្រកាសប្រឡងជ្រើសរើសឲ្យបម្រើការនៅតាមឃុំ-សង្កាត់ លើជំនាញកសិកម្មត្រឹមចំនួន ២៥០នាក់ តែបេក្ខជនបានដាក់ឈ្មោះប្រឡងរហូតដល់ជិតមួយម៉ឺននាក់ ប៉ុន្តែទោះជាយ៉ាងណាការប្រឡងនេះត្រូវប្រកាន់ជំហរនូវ តម្លាភាព យុត្តិធម៌ និងសុក្រឹត្យភាព ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ដោយអ្នកធ្លាក់ឲ្យគេអស់ចិត្ត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបក្នុងឱកាសដែលសម្តេច បានអញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់ត្រូវផ្ដល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដលើកិច្ចការនេះ ដោយការធ្វើការមិនត្រឹមតែចង់បានប្រាក់ខែនោះទេ គឺត្រូវបម្រើ ដល់ប្រជាកសិករប្រកបដោយឆន្ទៈមុះមុត និងមានការជឿជាក់ពីប្រជាកសិករ ៕