នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កសិករដាំអ្វីក៏ដោយ ចិញ្ចឹមអ្វីក៏ដោយ សំខាន់មានទីផ្សារបានចំណូលដល់គាត់ នេះទើបជាគោលដៅធំ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តមន្ត្រីកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ជួយរកមធ្យោបាយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ទាក់ទងទីផ្សារកសិផល ធ្វើយ៉ាងណាឱ្យកសិករទទួលបានអត្ថប្រយោជន៍សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ប្រសាសន៍ថា «សំខាន់គិតគូរថា គាត់ដាំអីក៏ដោយ ចិញ្ចឹមអ្វីក៏ដោយ សំខាន់មានទីផ្សារបានចំណូលដល់គាត់ ហ្នឹងទើបជាគោលដៅធំ គឺជីវភាពរស់នៅរបស់កសិករជាគោលដៅធំ នេះគឺជាអ្វីដែលជាទិសដៅនៅក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥និងទី៦»។
ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញមន្ត្រីកសិកម្ម ជួយផ្ដល់យោបល់សិករឱ្យដាំដុះនិងចិញ្ចឹមសត្វឱ្យស្របតាមទីតាំងភូមិសាស្រ្ត និងតម្រូវការទីផ្សារ ៕