សម្តេចធិបតី ណែនាំឲ្យលុបបំបាត់សកម្មភាពទាំងឡាយ ដែលរារាំងដល់ការប្រកួតប្រជែង ដោយស្មើភាព សម្រាប់ទីផ្សារកសិកម្ម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការលុបបំបាត់សកម្មភាពទាំងឡាយ ដែលរារាំងដល់ការប្រកួតប្រជែងដោយស្មើភាព សម្រាប់ទីផ្សារកសិកម្ម។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាថ្ងៃទី២០ វិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ថា យើងមិនអាចថា ពេលដែលលក់បានល្អហើយ ក៏នៅតែអន្តរាគមន៍ ដើម្បីឱ្យកាន់តែល្អ គឺអត់ទេ គឺត្រូវជួយកម្រិតណា ដើម្បីឱ្យទីផ្សារមានការប្រកួតប្រជែង បើមិនអញ្ចឹងទេយើងប្រឈមទី១ សូម្បីរដ្ឋធម្មនុញ្ញដែលធានាសេដ្ឋកិច្ចទីផ្សារហ្នឹង ក៏កាត់បន្ថយនូវការលូកដៃរបស់រដ្ឋ និងទី២ គឺប្រសិទ្ធភាព ធ្វើយ៉ាងណាដើម្បីអន្តរាគមន៍ ។
សម្ដេចធិបតីបញ្ជាក់ថា «សម្រាប់យុទ្ធសាស្ត្រនេះ ខ្ញុំសូមឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សហការក្នុងការលុបបំបាត់នូវរាល់សកម្មភាពណាមួយ ដែលរារាំងដល់ប្រជាកសិករ និងវិស័យឯកជនប្រកួតប្រជែង ក្នុងទីផ្សារមួយដែលស្មើភាព» ។
សម្តេចថា ការប្រកួតប្រជែងនេះ រាជរដ្ឋាភិបាល មិនអាចបង្ខំវិស័យឯកជន ក៏ដូចជា ប្រជាពលរដ្ឋ ឱ្យទិញផលិតផលណាមួយបានទេ ៕