វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រចំនួន២១០០ នាក់ ចូលរៀនវគ្គជំនាញដោយឥតបង់ថ្លៃ
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ
ងាយរងហានិភ័យចំនួន២១០០នាក់ ចុះឈ្មោះចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសចំនួន ១២ ជំនាញ។
ការជូនដំណឹងនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨០០០០ រៀលក្នុងមួយខែ។
បើតាមវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យត្រូវការយុវជន យុវនារីមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២១០០នាក់ ដែលចង់រៀនជំនាញបច្ចេកទេសពិត សម្រាប់ប្រកបមុខរបរជាអាជីពឱ្យចូលរៀនវគ្គបណ្តុះបណ្តាលប្រភេទសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។
ការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសសំខាន់ៗមួយចំនួនដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងអនាគតដូចជា៖ ១ ការងារកំបោរចំនួន១៥០នាក់ ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០នាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៤៥០នាក់ ការថែទាំ និងជួសជុលរថយន្ត ១៥០នាក់ ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ១៥០នាក់ ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ១៥០នាក់ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ១៥០នាក់ សេវាកម្មកុំព្យូទ័រ ១៥០នាក់ សេវាកម្មរដ្ឋបាល ១៥០នាក់ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១៥០នាក់ធុរកិច្ចភេសជ្ជៈ ១៥០នាក់ និងការកែច្នៃបន្លែ និងផ្លែឈើចំនួន ១៥០នាក់ ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជនសូមមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ប្អូនៗ មានចំណេះជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានឱកាសការងារធ្វើល្អ ចំណូលសមរម្យ។
ជាពិសេសប្អូនៗមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺចូលរៀនមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០ រៀលថែមទៀត ។ នេះជាឱកាសមាសដែលរាជរដ្ឋាភិបាលផ្តល់ជូនយុវជន និងគិតគូរដល់អនាគតយុវជន និងប្រជាជន ។
ឯកឧត្តមបន្ថែមថា គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់គួរយកចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លារសាលារបស់ខ្លួនឱ្យមានរបៀបរៀបរយដើម្បីស្វាគមន៍បងប្អូនដែលជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕