ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន និង ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើអង្គប្រជុំពិនិត្យ ផ្ដល់យោបល់ និងធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាពន្លឿន និងធ្វើឲ្យសេចក្តីព្រាងអនុក្រឹត្យនេះអាចបញ្ចប់បានប្រកបដោយប្រសិទ្ធភាពខ្ពស់ មុននឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្នុងការរៀបចំកិច្ចប្រជុំអន្តរក្រសួងជាបន្តទៀត ៕