ប.ស.ស. ដាក់ចេញយុទ្ធនាការផ្សព្វផ្សាយ ៣០ថ្ងៃដើម្បីបង្ហាញភាពទាក់ទាញនៃរបបថែទាំសុខភាពដោយភាគទានស្ម័គ្រចិត្តរបស់រដ្ឋាភិបាល
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធនាការ៣០ថ្ងៃដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ជូនដល់បងប្អូនពលរដ្ឋទូទៅ និង បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ គឺជារឿងសំខាន់ណាស់ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស. បានយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គម ។
ឯកឧត្តមបានលើកឡើងថា នៅក្នុងយុទ្ធនាការ ៣០ថ្ងៃនៃការផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះទៀតសោត គឺកាន់តែសំខាន់ និងចាំបាច់បំផុត ដែលថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងអស់ ទាំងថ្នាក់កណ្តាល និងតាមបណ្តាសាខាខេត្ត-ខណ្ឌ ត្រូវយកចិត្តទុកដាក់ និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត គឺត្រូវផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់ គ្រប់រូបភាព និងគ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយនេះ បានទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ក៏ដូចជាអ្នកក្នុងបន្ទុកសមាជិក
ប.ស.ស.។
យោងតាមរបាយការណ៍របស់ ប.ស.ស បានឲ្យដឹងថា ត្រឹមតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ មានបងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា ៣១ ០៧៩នាក់ ទទួលបានការផ្សព្វផ្សាយពោលគឺសរុប ៥ថ្ងៃពី ១៥-១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ប.ស.ស. ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានជិត២៣ម៉ឺននាក់។
សូមជម្រាបថា ការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដែលការដាក់ចេញនូវគោលនយោបាយថ្មីនេះ បងប្អូនអ្នកប្រកបរបរផ្ទាល់ខ្លួន ដូចជាអ្នក់លក់ដូរ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ពិសេសអ្នកក្នុងបន្ទុកអ្នកដែលមានបណ្ណ ប.ស.ស. រួចហើយ ដូចជាប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ក៏អាចមានសិទ្ធិទៅស្នើសុំធ្វើបណ្ណ ប.ស.ស. បានដែរ៕