គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារកម្ពុជា ជាច្រើនរូប ចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិ នៅប្រទេសម៉ាឡេស៊ី
ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានដឹកនាំគណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិនៅប្រទេសម៉ាឡេស៊ី ដែលសិក្ខាសាលាថ្នាក់អន្តរជាតិនេះ ត្រូវបានរៀបចំឡើងដោយមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី សហការជាមួយអង្គភាពសោធននិវត្តន៍ (KWAP) និងអង្គភាពសន្តិសុខសង្គម (SOCSO) នៃប្រទេសម៉ាឡេស៊ី ដោយមានវត្តមានចូលរួមពីតំណាងអង្គភាពសន្តិសុខសង្គមអន្តរជាតិចំនួន ១៩ មកពីបណ្តាប្រទេសអាស៊ានទាំង ១០។
ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា វគ្គសិក្ខាសាលាថ្នាក់អន្តរជាតិខាងលើ ដែលរៀបចំឡើងក្រោមប្រធានបទ “ការទទួលយកភាពចំរុះ ដើម្បីកសាងអនាគតរួមគ្នា” គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលអាចឱ្យអង្គភាពសន្តិសុខសង្គម នៃបណ្តាប្រទេសអាស៊ានទាំងអស់រួមទាំង ប.ស.ស. កម្ពុជាផងដែរ អាចសិក្សារួមគ្នាក្នុងការអនុវត្តវិស័យសន្តិសុខសង្គម ពិសេសអាចផ្លាស់ប្តូរនូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមករវាងបណ្តាអង្គភាពសន្តិសុខសង្គមទាំង ១៩ នៃប្រទេសអាស៊ានទាំង ១០ ស្តីពីការអនុវត្តរបបសន្តិសុខសង្គម មុននឹងឈានទៅដល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៤០ (The 40th ASSA Board Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុននេះ នៅទីក្រុងកូឡាឡាំពូ នៃប្រទេសម៉ាឡេស៊ី។
ក្នុងឱកាសចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិខាងលើនេះផងដែរ កញ្ញា អ៊ុក សមបូណ៌មី តំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានធ្វេីបទបង្ហាញចែករំលែកស្តីពី ចល័តភាពនៃតាវកាលិកសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន ជូនដល់អង្គសិក្ខាសាលាផងដែរ។
គួរបញ្ជាក់ឱ្យដឹងថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននឹងកំពុងដំណើរការរបបសន្តិសុខសង្គមចំនួន៣ផ្នែកធំៗ ដែលរួមមានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ហើយថ្មីៗនេះ តាមរយៈការគិតគួរខ្ពស់ទៅលើសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានសម្រេចដាក់ចេញនូវគោលនយោបាយថ្មីមួយ ដែលបងប្អូនប្រជាពលរដ្ឋមានរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) រួមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ក៏អាចមានសិទ្ធិស្នើសុំធ្វើបណ្ណសមាជិក ប.ស.ស. បានផងដែរ ហើយបន្ទាប់ពីមានបណ្ណ ប.ស.ស. បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង៕