សម្តេចធិបតី៖ រាជរដ្ឋាភិបាលខិតខំបម្រើប្រជាពលរដ្ឋជានិច្ច ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលមិនមែនខិតខំបម្រើប្រជាពលរដ្ឋតែ១០០ថ្ងៃនេះទេ រាជរដ្ឋាភិបាលខិតខំបម្រើប្រជាពលរដ្ឋជានិច្ច ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រ។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨,១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលខំប្រឹងស្ទះស្ទាបម្រើពលរដ្ឋជាប់ជាប្រចាំដើម្បីនាំប្រយោជន៍ដល់ពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថាដរាបណាប្រជាពលរដ្ឋមានជំនឿជឿជាក់រហូតដល់ឆ្នាំ២០២៨ ផ្ដល់ការទុកចិត្តដើម្បីដឹកនាំតទៅទៀត សម្ដេចនឹងធ្វើរហូតដើម្បីឱ្យកាន់តែសុក្រឹត ធ្វើយ៉ាងណាដើម្បីធ្វើឱ្យចំណូលចូលហោប៉ៅ ចូលផ្ទះប្រជាពលរដ្ឋនេះជាកិច្ចការសំខាន់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលបានដាក់យុទ្ធសាស្ត្រគន្លឹះជំរុញសេដ្ឋកិច្ចក្រុមគ្រួសារពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕