សម្តេចធិបតី៖ អ្នកក្លាហានពូកែបាញ់បោះអនាធិបតេយ្យ គួរបញ្ជូនទៅសមរភូមិមុនគេ នៅពេលមានការផ្ទុះអាវុធការពារទឹកដី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កាលផ្ទុះសង្គ្រាមនៅតំបន់ប្រាសាទព្រះវិហារ សម្ដេចរកអ្នកក្លាហានពូកែបាញ់បោះអនាធិបតេយ្យមិនបាន បើរកបានគឺបញ្ជូនទៅសមរភូមិព្រះវិហារទាំងអស់ ពិសេសអ្នកពូកែផឹកស៊ីបាញ់បោះគួរតែបញ្ជូនទៅសមរភូមិ ដើម្បីចូលរួមការពារទឹកដី។
ការថ្លែងរបស់សម្តេចធិបតីបែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ១៨,១០៨នាក់ នៅខណ្ឌកំបូល នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី បានថ្លែងថា «នៅគិរីរម្យប៉ុន្មាននាក់នោះបាញ់ៗឡើងផ្អើលប្រជាពលរដ្ឋ ហើយសម្បូរអ្នកកាច អ្នកកាចផឹកបាញ់។ កាលបាញ់នៅព្រះវិហារ ខ្ញុំរកតែអ្នកបាញ់ហ្នឹងតើ តែរកអត់ឃើញ»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា អ្នកបាញ់ក្នុងក្រុងគួរតែឱ្យចុះកុងត្រាតែម្ដងថា បើមានផ្ទុះអាវុធការពារទឹកដី ត្រូវស្ម័គ្រចិត្តទៅសមរភូមិមុនគេ បញ្ជូនទៅតែម្ដង ព្រោះសម្ដេចចូលចិត្តអ្នកក្លាហានការពារទឹកដី ពិសេសអ្នកពូកែផឹកស៊ីបាញ់បោះគួរតែបញ្ជូនទៅសមរភូមិ ដើម្បីចូលរួមការពារទឹកដី។
តែយ៉ាងណា សម្ដេចធិបតី ក៏បានអំពាវនាវឱ្យបញ្ឈប់ និងទប់ស្កាត់ទង្វើបាញ់បោះទាំងនេះទៅ ព្រោះយើងរស់នៅសន្តិភាព រស់នៅក្នុងភាពស្ងប់ស្ងាត់ហើយ។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៤៖៣០នាទីរសៀល នៅចំណុចចម្ការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំផឹកស៊ីច្រៀងរាំ ស្រាប់តែយកកាំភ្លើងបាញ់ឡើងទៅលើនៅកន្លែងកម្មវិធី។ ការផ្ទុះអាវុធនេះបន្តតាំងពីរសៀលថ្ងៃទី១១ រហូតដល់ព្រឹកថ្ងៃទី១២ ទើបអ្នកទាំងអស់នោះបញ្ឈប់ការបាញ់បោះសប្បាយ និងគេចចេញពីកន្លែងកើតហេតុ។
ក្នុងពេលសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យខាងលើនោះ ជនបង្ក៤នាក់បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៖ ទី១.ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ អាយុ៣៧ឆ្នាំ, ទី២.ឈ្មោះ ប៊ិន ភារម្យ អាយុ៤០ឆ្នាំ, ទី៣.ឈ្មោះ ប៊ិន ភាលុច អាយុ៣៤ឆ្នាំ និងទី៤.ឈ្មោះ ឈិត លីហៀង អាយុ៣២ឆ្នាំ តែចំណែកឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន។ តំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ពីបទប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ស្ពឺក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន កង តារាវិឆៃ ដែលជាមេក្លោងបាញ់បោះសេរីនៅផ្ទះលម្ហែលើខ្នងភ្នំគិរីរម្យ។ ការចាប់ខ្លួននេះធ្វើឡើងដោយចោទប្រកាន់ពីបទប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវដោយគ្មានការអនុញ្ញាត ៕