អ៊ីស្រាអែល បានកោះហៅឯកអគ្គរដ្ឋទូត នៅមុនការបោះឆ្នោតសភាអាហ្វ្រិកខាងត្បូង ដើម្បីបិទស្ថានទូតអ៊ីស្រាអែល
អ៊ីស្រាអែល÷អ៊ីស្រាអែលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអាហ្វ្រិកខាងត្បូងត្រឡប់ទៅទីក្រុងហ្សេរុយសាឡឹមវិញ “សម្រាប់ការពិគ្រោះយោបល់” មុនពេលការបោះឆ្នោតសភានៅក្នុងប្រទេសអាហ្វ្រិកដើម្បីបិទស្ថានទូតអ៊ីស្រាអែល និងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអ៊ីស្រាអែល រហូតដល់បទឈប់បាញ់ត្រូវបានអនុវត្តនៅហ្គាហ្សា។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa ធ្លាប់បាននិយាយថា ប្រទេសរបស់លោកជឿថា អ៊ីស្រាអែលកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវបានសម្លាប់។
អាហ្រ្វិកខាងត្បូងបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានបញ្ជូនអ្វីដែលខ្លួនហៅថា “អំពើប្រល័យពូជសាសន៍” របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់ការស៊ើបអង្កេត ដោយគណៈរដ្ឋមន្ត្រីរបស់ខ្លួនបានអំពាវនាវដល់ ICC កាលពីថ្ងៃច័ន្ទ ឱ្យចេញដីកាចាប់ខ្លួន ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។