ឯកឧត្តម ឈន សាណាត៖ ការបើកសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំពន្ធនាគារ គឺដើម្បីធ្វើការឆ្លុះបញ្ចាំងនូវទិដ្ឋភាព ការលើកកម្ពស់ការងារពន្ធនាគារ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ និងប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស សហការរៀបចំដោយ អគ្គនាយកដ្ឋានពន្ធនាគារ និងគណៈកម្មាធិការអន្តរជាតិនៃកាកកបាទក្រហម ICRC ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Barnabe Reaud អនុប្រធានផ្នែកសម្របសម្រួលចុះទស្សនកិច្ច របស់គណៈកម្មាធិកាអន្តរជាតិ នៃកាកបាទក្រហម។
ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ គឺជាឱកាសមួយដើម្បីធ្វើការឆ្លុះបញ្ចាំងនូវទិដ្ឋភាព ការលើកកម្ពស់ការងារពន្ធនាគារ តាមរយៈប្រធានបទដែលត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃអង្គសិក្ខាសាលានេះ ដោយបានផ្តោតសំខាន់លើប្រធានបទ២៖
ទី១-ការផ្គក់ផ្គង់របបអាហារជនជាប់ឃុំ
ទី២-ហេដ្ឋារចនាសម្ព័ន្ធសំណង់ពន្ធនាគារ។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំពន្ធនាគារឆ្នាំ២០២៣នេះ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា មានសមាជិកចូលរួមសរុប៧២រូប ធ្វើឡើងនៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ នឹងមានការធ្វើបទបង្ហាញពីក្រុមអ្នកជំនាញអាហារ និងបច្ចេកទេសសំណង់រៀបចំឡើងដោយICRC មានការចូលរួមពិភាក្សាតាមក្រុម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក និងលើកឡើងបញ្ហាប្រឈមនានា តាមបណ្តាពន្ធនាគារទូទាំងប្រទេស ក្នុងគោលបំណងស្វែងរកដំណោះស្រាយ សមស្រប សម្រាប់ការអនុវត្តន៍ការងារ នាពេលខាងមុខ អោយកាន់តែមានប្រសិទ្ធភាព ៕