នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្ទេរ និងដកប្រាក់ដែលមិនមានប្រភពច្បាស់លាស់
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើករណីលួចចូលបណ្តាញទំនាក់ទំនងសង្គម បន្លំយកប្រាក់ពីជនរងគ្រោះ ព្រមទាំងក្លែងបន្លំអត្តសញ្ញាណអ្នកដទៃក្នុងការប្រើប្រាស់លេខទូរស័ព្ទទៅប្រព្រឹត្តបទល្មើស។
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យ០១នាក់ ឈ្មោះ ឡ.ច ភេទស្រី ត្រូវបានចាប់ខ្លួន កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នសាលាដំបូងរាជធានីភ្នំពេញកំពុងចាត់ការតាមនីតិវិធីច្បាប់ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្ទេរ និងដកប្រាក់ដែលមិនមានប្រភពច្បាស់លាស់ ក៏ដូចគ្នានឹងលេខទូរស័ព្ទ សូមប្រើប្រាស់តែអត្តសញ្ញាណខ្លួនឯង ចៀសវាងប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ ព្រោះអាចជាការចូលរួមប្រព្រឹត្តិបទល្មើស ឬទទួលផលនៃបទល្មើសជាយថាហេតុ ហើយទង្វើនេះសាមីខ្លួននឹងទទួលខុសត្រូវចំពោះមុខច្បាប់៕