ផ្ដេីមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ កម្ពុជា កសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍ តាមរយៈការប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ក្នុងនោះ៖
ទី១៖ ការបើកចំហការធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយឈរលើគោលការណ៍ពហុភាគីនិយម
ទី២៖ ការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដើម្បី ជាមូលដ្ឋានកសាងជន្ទល់ថ្មីៗ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច
ទី៣៖ ការពង្រឹងនិងការស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាផ្លូវ ទឹក ថ្នល់ និងភ្លើង ដើម្បីលើកកម្ពស់ការតភ្ជាប់ សម្រួលការចល័តធនធាននិងកម្លាំងពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម
ទី៤៖ ការបន្តអភិវឌ្ឍ និងលើកកម្ពស់មូលធនមនុស្សដើម្បី ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព
ទី៥៖ ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ ដើម្បីធានាប្រសិទ្ធិភាពនៃការគ្រប់គ្រងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច រួមទាំងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារឱ្យមានប្រសិទ្ធិភាព និងសក្ដិសិទ្ធភាព ព្រមទាំងបែងចែកផ្លែផ្កា កំណើន អោយមានសមធម៌ និងបរិយាបន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាលទ្ធផលកម្ពុជាសម្រេចបានកំណើន សេដ្ឋកិច្ចរឹងមាំប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលជាង២ទស្សវត្សរ៍កន្លងមក ដែលនាំអោយកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ដោយទំហំផលិតផលក្នុងស្រុក (ផ.ស.ស)កើនឡើង ១០ដង ពីប្រមាណ ៣,១១ លានដុល្លារអាមេរិកនៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩,៦០លានដុល្លារអាមេរិកនៅឆ្នាំ ២០២២។ ជាមួយគ្នានេះ ផ.ស.ស សម្រាប់មនុស្សម្នាក់បានកើនឡើងរហូតដល់ ៧ ដង ពោលគឺកើនពីប្រមាណ ២៥៣ ដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៨ ដល់ប្រមាណ ១៧៨៤ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។ អត្រាក្រីក្របានធ្លាក់ចុះក្រោម ១០% នៅមុនវិបត្តិជំងឺកូវីដ១៩ និងវិសមភាពសង្គមរួមតូច។ រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្ដូរពីសេដ្ឋកិច្ចដែលពឹងផ្អែកជាចម្បងលើកសិកម្មជាប្រពៃណី ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្ម និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាង ជាដើម។
សម្ដេចធិបតីបានថ្លែងដូចនេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបើក «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣» ស្តីពី «ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» ដែលររៀបចំឡើងដោយវិទ្យាស្ថាន CDRI ៕