ឯកឧត្តម ស្វាយ សំអ៊ាង ផ្ដល់អនុសាសន៍ ៤ចំណុច ក្នុងពិធីប្រគល់បណ្ណសម្គាល់ជនមានពិការភាព
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានផ្ដល់អនុសាសន៍ ៤ចំណុច ក្នុងពិធីប្រគល់បណ្ណសម្គាល់ជនមានពិការភាព នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
អនុសាសន៍សំខាន់ៗទាំង ៤មានដូចខាងក្រោម៖
១.បន្ដកិច្ចសហការជាមួយរដ្ឋបាលក្រុងស្រុក ដើម្បីបន្តជំរុញក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូ សង្គម និងសិទ្ធិជាមូលដ្ឋាន
២.ត្រូវបន្តជំរុញ មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ឱ្យទទួលជនមានពិការភាពចូលបម្រើការងារតាម អត្រាកំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន
៣.រៀបចំនីតិវិធីអន្ដរាគមន៍លើសេវាយុត្តិធម៌ដល់ជនពិការ ក្នុងនោះមាន ការទទួលបណ្ដឹងតវ៉ា និងដោះស្រាយ សំណូមពររបស់ជនមានពិការភាព
៤.បន្ដជំរុញការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្ដួចផ្ដើមមុខរបរ និងផ្គូរផ្គូងការងារជូនមានពិការភាពគ្រប់ប្រភេទ។
ជាថ្មីម្ដងទៀត ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ដ្រីទទួលបន្ទុកកំណត់អត្តសញ្ញាណកម្មពិការភាពទាំង ៣៤ ឃុំ សង្កាត់ ដែលបាន អនុវត្តការងារនេះរហូតមកទទួលបានលទ្ធផលនាថ្ងៃនេះ ៕