ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយប្រតិភូសហគមន៍អ៊ឺរ៉ុប អង់គ្លេស ចិន ស្វីស និងអាមេរិក
ភ្នំពេញ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី២១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយប្រតិភូសហគមន៍អ៊ឺរ៉ុប ចក្រភពអង់គ្លេស សាធារណៈរដ្ឋប្រជាមានិតចិន ស្វីស និងសហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានលើកឡើងអំពីការត្រៀមធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤ ដោយកំណត់អាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រតិភូប្រទេសនិមួយៗដែលបានផ្តល់ជំនួយទាំងផ្នែកសកម្មភាពមីន ទាំងផ្នែកអភិវឌ្ឍន៍នានាដល់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យភាគីជំនួបចូលរួមគាំទ្រនៅពេលដែលកម្ពុជាក្លាយជាប្រធាននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤។
ភាគីជំនួបទាំងអស់បានសម្តែងនូវការពេញចិត្តនិងសន្យាផ្តល់កិច្ចសហការទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកបច្ចេកទេសដល់កម្ពុជាលើការងារសកម្មភាពមីន និងការងារជាប្រធាននិងជាម្ចាស់ផ្ទះកិច្ចប្រជុំនៅឆ្នាំ២០២៤ ៕