ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីរាជការក្រោមឱវាទក្រសួង
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារ ដោយមានការចូលរួមពីតំណាងនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ១១៥នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិធីសាស្ត្រក្នុងការជួយសង្រ្គោះបឋមដល់មន្ត្រីរាជការក្នុងក្រសួង នៅពេលជួបប្រទះករណីគ្រោះថ្នាក់ជាយថាហេតុណាមួយ សំដៅរួមចំណែកក្នុងកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរនៅកន្លែងធ្វើការ។វិជ្ជាសង្គ្រោះបឋម គឺជាផ្នែកមួយដ៏សំខាន់ដែលមានកំណត់នៅក្នុងអនុសញ្ញា និងអនុសាសន៍ពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងាររបស់អង្គការអន្តរជាតិខាងការងារ រួមមាន អនុសញ្ញាលេខ១៥៥ (១៩៨១) អនុសាសន៍លេខ១៦៤ (១៩៨១) និងជាផ្នែកមួយនៃនីតិវិធីឆ្លើយតបគ្រាអាសន្ន ដែលនិយោជកមានកាតព្វកិច្ចក្នុងការត្រៀមរៀបចំផែនការ និងនីតិវិធីឆ្លើយតបគ្រាអាសន្ននៅកន្លែងធ្វើការ។
គួរបញ្ជាក់ជូនដែរថា នាពេលកន្លងមក, ក្រុមគ្រូបណ្តុះបណ្តាលរបស់នាយកដ្ឋានពេទ្យការងារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសុវត្ថិភាព និងសុខភាពការងារជាច្រើនវគ្គរួចមកហើយដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន និងការជំរុញការរៀបចំសេវាសង្គ្រោះបឋមនៅក្នុងសហគ្រាស គ្រឹះស្ថាន តាមរយៈយន្តការអធិការកិច្ចការងារ ដើម្បីជំរុញការអនុវត្តប្រកាសរួមលេខ៣៣០ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស ប្រកាសរួមលេខ១៣៩ស្តីពីលក្ខខណ្ឌ និងសេវាកម្មសេវាពេទ្យសហគ្រាស និងប្រកាស១៧៦ស្តីពីការអប់រំអនាម័យ និងសន្តិសុខការងារដល់កម្មករនិយោជិត ប្រតិភូបុគ្គលិក និងសហជីពនៅតាមសហគ្រាស គ្រឹះស្ថានក្នុងរាជធានី ខេត្តសរុបចំនួន ១,០៦៩ សហគ្រាស និងមានកម្មករនិយោជិតចូលរួមសរុបចំនួន ១៩,៤៣៦នាក់/ស្រី ១០,៩៧៧នាក់ ៕