ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តតាកែវ រៀបចំពិធីបិទយុទ្ធនាការអន្តរាគមន៍ ជួយជញ្ជូន និងបោកស្រូវ ជូនប្រជាពលរដ្ឋ រយៈពេល ១៤ថ្ងៃ លើផ្ទៃដីជិត ១ពាន់ហិកតា នៅក្នុងឃុំគោកព្រេច
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបិទយុទ្ធនាការ ជួយជញ្ជូន និងបោកស្រូវ ជូនបងប្អូនប្រជាពលរដ្ឋ បានចំនួន ៨៦៦ហិកតា នៅក្នុងផ្ទៃដីរងផលប៉ះពាល់ សរុប ១.៩៩៧ហិកតា នៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។
អញ្ជើញចូលរួមនាឱកាសនោះដែរ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងកសិកម្ម លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និង លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ លោកអធិការនគរបាលស្រុក មន្រ្តីរាជការចំណុះរដ្ឋបាលស្រុក សមាជិក ស.ស.យ.ក. ស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
យោងតាមការរបាយការណ៍របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់ ក្រសួងកសិកម្ម ជាពិសេស ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ ឯកឧត្តម អភិបាលខេត្តតាកែវ បានដឹកនាំកម្លាំងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ចំនួន ១.៨៩១នាក់ ប្រើប្រាស់រយៈពេល ១៤ថ្ងៃ ដើម្បីជួយធ្វើការបោកជូនបងប្អូនប្រជាកសិករ បានចំនួន ៨៦៦ហិកតា (ដោយក្នុងនោះច្រូតដោយកម្លាំងពលកម្មមនុស្ស ៦១៦ហិកតា និងប្រើប្រាស់គ្រឿងម៉ាស៊ីន ២៥០ហិកតា) នៅលើផ្ទៃដីរងផលប៉ះពាលសរុប ១.៩៩៧ហិកតា ស្ថិតនៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ៕