ឯកឧត្តម គួច ចំរើន អញ្ជើញបើកកញ្ចប់លទ្ធផលវញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់លទ្ធផលវញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក លោក លោកស្រីជានាយក នាយិកា នៃវិទ្យាល័យក្នុងខេត្តព្រះសីហនុ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នេះជាឆ្នាំដែលសម្រេចបានគោលដៅដែលយើងបានដាក់ផែនការក្នុងនោះ នៃវិទ្យាល័យវិទ្យាចំណេះទូទៅក្រុងព្រះសីហនុទទួលបាននិទ្ទេស A ១២នាក់ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ទទួលបាននិទ្ទេស A ចំនួន ៩នាក់ ស្រី ៥នាក់ វិទ្យាលល័យ ហ៊ុន សែន ឃ្លាំងលើ ទទួលបាននិទ្ទេស A ចំនួន ២នាក់ ស្រី២ វិទ្យាល័យជីវិត ១នាក់ សុវណ្ណភូមិ ៥នាក់ ស្រី ៣នាក់ សាលាអន្តរទ្វីប ៥នាក់ ស្រី ១នាក់។ ស្រុកព្រៃនប់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ទទួលបាននិទ្ទេស A ចំនួន ៣នាក់ ស្រី ២នាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ទទួលបាននិទ្ទេស A ចំនួន ៣នាក់ ស្រី ២នាក់ សរុបខេត្តព្រះសីហនុ ទទួលបាននិទ្ទេស A ចំនួន ៤០នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកនាយក នាយិកា នៃសាលាវិទ្យាល័យ និងសាលាឯកជនក្នុងខេត្តព្រះសីហនុ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តព្រះសីហនុ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ ខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អជាងបណ្តាឆ្នាំកន្លងមក ហើយការទទួលបាននិទ្ទេស A មានចំនួនច្រើននាពេលនេះ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូរបស់យើងក្នុងការជួយបង្ហាត់បង្រៀនដល់សិស្សានុសិស្សរបស់យើងនោះដែរ និងបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូត្រូវបន្តការខិតខំយក ចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យសិស្សានុសិស្សក្នុងខេត្តរបស់យើងទទួលបាននិទ្ទេស A កាន់តែច្រើននៅឆ្នាំខាងមុខ ៕