ឯកឧត្តម ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ប្រធានរដ្ឋសភាហ្វីលីពីន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ferdinand Martin G. Romualdez ប្រធានរដ្ឋសភាហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តម អនុប្រធានទី១រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31)។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភាហ្វីលីពីន បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិចលើកទី៣១ នៅទីក្រុងម៉ានីល។
ឯកឧត្តមប្រធានរដ្ឋសភា បានអបអរសាទរសម្រាប់ជោគជ័យនៃការបោះឆ្នោតសកលនៅកម្ពុជា ហើយអបអរសាទរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងបានប្តេជ្ញាធ្វើការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភា និងប្រទេសកម្ពុជា ជាពិសេសជម្រុញអោយមានការនាំអង្ករចូលមកប្រទេសហ្វីលីពីន។
ជាការឆ្លើយតប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈប្រតិភូសភាកម្ពុជាបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាហ្វីលីពីន។
ឯកឧត្តម ប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកឡើងពីទំនាក់ទំនងការទូតដែលមានយូរលង់មកហើយរវាងកម្ពុជា និងហ្វីលីពីន និងកិច្ចសហប្រតិប្រតិការលើការងារការទូតសភារវាងសភានៃប្រទេសទាំងពីរ។ ឯកឧត្តម ប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកទឹកចិត្តដល់សភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តពង្រឹង និងពង្រីកសហប្រតិប្រតិការលើវិស័យដែលមានការពាក់ព័ន្ធដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងវប្បធម៌ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់ និងសកលលោក ផងដែរ ៕