មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនាំឱ្យចំណុះទូកគោរពឱ្យបាន បទបញ្ជាបច្ចេកទេស ក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន
ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន អចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញជា អធិបតីក្នុងពិធីប្រជុំ បច្ចេកទេសដល់តំណាងចំណុះទូកទាំងអស់ សរុប ៣៣៨ទូក កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
ឯកឧត្តម ប៊ូ ជុំសេរី បានណែនាំដល់តំណាងចំណុះទូកទាំងអស់គោរពបាននូវបទបញ្ជាបច្ចេកទេស ដែលបានកំណត់ច្បាស់លាស់ និងលម្អិត នៅក្នុងសៀវភៅបទបញ្ជាបច្ចេកទេស ដែលបានចែកជូនក្នុងដល់តំណាងទូកម្នាក់១ក្បាល ហើយតំណាងទូកនីមួយៗត្រូវ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ចំណុះទូករបស់ខ្លួន ដើម្បីជំរុញឱ្យការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ដំណើរដោយរលូន និងជោគជ័យ។
នៅក្នុងបទបញ្ជាបច្ចេកទេសបានជំរុញឱ្យចំណុះទូក ដែលជាកីឡាករ កីឡាការិនីត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចត្រូវមាន កាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកដើម្បីរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួនត្រូវម្ចាស់ការលើការងារសន្តិសុខ សុវត្ថិភាព និងសុខភាព ផ្ទាល់ខ្លួនត្រូវរក្សាអនាម័យ និងបរិស្ថាននៅកន្លែងស្នាក់នៅឱ្យបានខ្ជាប់ខ្ជួនត្រូវរក្សាទ្រព្យសម្បត្តិរដ្ឋឱ្យបានគង់វង្ស ក្នុងពេលស្នាក់នៅ ត្រូវរក្សាសេចក្ដីថ្លៃថ្នូរ គោរពដៃគូប្រកួត មានអាកប្បកិរិយាសុភាពរាបសារ រក្សាឱ្យបាននូវ សាមគ្គីភាព និងមិត្តភាពទាំងក្នុងពេល ប្រកួតនិងក្នុងកន្លែងស្នាក់នៅ។
ជាមួយគ្នានេះ ហាមដាច់ខាតមិនឱ្យប្រើពាក្យសំដីផ្លែផ្កាទីដងដាក់គ្នាជាហេតុនាំឆ្ពោះទៅរកអំពើហិង្សាហាមដាច់ខាតការសេព គ្រឿង ស្រវឹង គ្រឿងញៀន ការលេងល្បែងស៊ីសងឬល្បែងភ្នាល់គ្រប់ ប្រភេទក្នុងពេលប្រកួត និងក្នុងកន្លែងស្នាក់នៅត្រូវគោរពពេលវេលា ឱ្យបានទៀងទាត់ទៅតាមកម្មវិធីកំណត់របស់គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគត្រូវរក្សាឱ្យបាននូវគោលការណ៍មិត្តភាព យុត្តិធម៌ សុចរិតភាព និងភាពអង់អាចក្លាហាន ប្រកបដោយមនសិការជាតិខ្ពស់ ស្រឡាញ់នូវសេចក្តីថ្លៃថ្នូរ គោរពវិន័យ និងលើកស្ទួយ កិត្តិយសទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ជាតិ។
គួរបញ្ជាក់ថា នៅក្នុងការប្រណាំងទូក ថ្ងៃដំបូង ទី២៦ ខែតុលា ឆ្នាំ២០២៣ មានទូកសរុបចំនួន ១៦៦គូ ក្នុងនោះមានផ្នែកទូកអុំ នារីខ្នាតអន្តរជាតិ ទូកអុំបុរសខ្នាតអន្តរជាតិ ទូកអុំបុរស ទូកអុំបុរស គូពិសេស និងផ្នែកទូកចែវ។ ចំពោះចំនួនកីឡាករ កីឡាការិនី ចូលរួមសរុប ២០.៤១៧នាក់ ក្នុងចំនួននេះគឺមានទូកអុំបុរស ១៥៨ទូក ចែវបុរស ៤២ទូក ទូកខ្នាតអន្តរជាតិបុរស ១៣៤ទូក (ទូកខ្នាតអន្តរជាតិនារី ២ទូក) កម្លាំងអុំបុរស ១៦.៤៨៧នាក់ (កម្លាំងអុំនារី ៨៧នាក់) កម្លាំងត្រៀមបុរស ២.៧៦៥នាក់ និងកម្លាំងត្រៀមនារី ៧៨នាក់ ៕