ក្រសួងសុខាភិបាល បើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹង ស្តីពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ ដោយទទួលការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រសួងសុខាភិបាលបានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យចំនួនប្រមាណ១០ម៉ឺនស្រោមដោយឥតគិតថ្លៃ ដល់កីឡាករអុំទូក និងសាធារណជនដែលចូលរួម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
កម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីធ្លាក្រុងរណបជ្រោយចង្វារ (OCIC) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការដៃគូ។
យុទ្ធនាការផ្សព្វផ្សាយអប់រំក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ មានរៀបចំជាស្តង់ និងក្រុមចល័តសម្រាប់ផ្សព្វផ្សាយអប់រំដល់កីឡាករអុំទូក និងប្រជាពលរដ្ឋទូទៅស្តីពីការបង្ការការចម្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការចែកជូនអាវយឺត ចែកទឹករំអិល និងស្រោមអនាម័យដោយឥតគិតថ្លៃ។ យុទ្ធនាការផ្សព្វផ្សាយអប់រំនេះ បានរៀបចំធ្វើនៅពីរទីតាំងផ្សេងគ្នា ទី(១) នៅទីធ្លាក្រុងរណបជ្រោយចង្វារ OCIC ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀបចំដោយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយអង្គការដៃគូ រួមមាន KHANA MHC CWPD & AHF និងទី(២) នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការដៃគូ រួមមាន KHANA AHF MHC CWPD & RHAC ៕