អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មានសន្តិភាព ទើបមានបុណ្យអុំទូក ដ៏សប្បាយរីករាយនាពេលនេះ!
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយនៅមុខព្រះបរមរាជវាំងនិងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានាក៏ទទួលបានភ្ញៀវជាតិនិងបរទេសយ៉ាងច្រើនដែរ។
ពិធីបុណ្យប្រពៃណីដ៏ធំនេះធ្វើឡើងដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹក គុណព្រះគង្គានិងព្រះធរណី។ ប៉ុន្តែ បច្ចុប្បន្ន បុណ្យអុំទូកក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះមិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងពេលដែលប្រទេសកើតសង្គ្រាមនិងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយកើតមានតែនៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។
ជាក់ស្តែង ពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រនិងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ខណៈដែលពលរដ្ឋខ្មែរកំពុងសប្បាយ រីករាយ មនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាពហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។
ឆ្លៀតឱកាសនេះ យើងក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា៖ ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី ១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ ៧មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម សមុទ្រទឹកភ្នែកអស់ជិត៤ឆ្នាំដោយក្នុងកំឡុងពេលនោះជីវិតខ្មែរប្រមាណ៣លាននាក់បានបាត់បង់។
ក្រោយថ្ងៃរំដោះ៧មករា ដំណើរការស្តារប្រទេសឡើងវិញ និងការស្វែងរកសន្តិភាពត្រូវបានធ្វើជាបន្តបន្ទាប់ រហូតទីបំផុតសន្តិភាពត្រូវបានរកឃើញពិតប្រាកដនៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ដោយស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ អំណឹះតទៅ មេដឹកនាំថ្មីរូបណាក៏ដោយដែលរក្សាការពារបាននូវសុខសន្តិភាព ត្រូវចាត់ទុកជាសមិទ្ធផលធំទី១ដ៏សំខាន់ជាងគេបង្អស់មុននឹងនិយាយពីស្នាដៃផ្សេងទៀតពីព្រោះសន្តិភាពពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា។
ប្រសិនបើសន្តិភាពរបូតចេញពីដៃទៅវិញដោយប្រកាណាមួយ យើងមិនដឹងជាត្រូវចំណាយពេលប៉ុន្មាន ទសវត្សរ៍ និងចំណាយជីវិតមនុស្សប៉ុន្មានលាននាក់ទៀតទេ ទើបរកបានសន្តិភាពមកវិញ? ហើយជួនកាលទោះជាចំណាយធំយ៉ាងណាក៏មិនប្រាកដថា អាចរកសន្តិភាពបានមកវិញនោះដែរ។
នេះគឺជាហេតុផលដែលត្រូវចាត់ទុក ការធានាការពារបាននូវសន្តិភាពគឺជាសមិទ្ធផលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយសារសន្តិភាព ទើបយើងអាចប្រារព្ធបុណ្យអុំទូកដ៏សប្បាយរីករាយបែបនេះបាន៕