សម្ដេចតេជោ ហ៊ុន សែន៖ បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ ក្រោយខកខានប្រារព្ឌរយៈពេល ៣ឆ្នាំ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ថ្ងៃទី១ ដែលជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ អស់រយៈពេល៣ឆ្នាំមក ។
ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះ គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ។
ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។
ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាពផងដែរ ។
សម្ដេចបញ្ជាក់ថា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំបែបនេះបាន៕