ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៨ម៉ឺននាក់ ចូលមកទស្សនា ក្នុងថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃ២៦ វិច្ឆិកា
ភ្នំពេញ៖ យោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៨៤,៤៣១ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧,៤៣១ នាក់ ។
ក្នុងនោះដែរក៏មានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៧៧,០០០ នាក់ ក្នុងនោះ៖
– តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៣៩,០០០ នាក់
– រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៤,២០០ នាក់
– ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ២៥,០០០ នាក់
– នៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ៨,៨០០ នាក់
រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងសៀមរាប ដែលក្នុងកម្មវិធីនោះក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗដូចជា ការប្រណាំងទូកងខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទីប ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការតាំងលក់ផលិតផល ការប្រគុំតន្ត្រី និងការប្រកួតប្រដាល់ជ្រើសរើសជើងឯកគុនខ្មែរពិភពលោក ផងដែរ ៕