ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាកទូកង “សេកុងសែនជ័យបារមីប្រះអង្គធំ” ដែលបាននាំជ័យជម្នះ ពីរថ្ងៃជាប់គ្នា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃទីបីនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាកទូកងរបស់រខេត្តស្ទឹងត្រែង ឈ្មោះ “សេកុងសែនជ័យបារមីប្រះអង្គធំ” ដែលទទួលបានជ័យជម្នះក្នុងការប្រណាំងទូកអុំបុរស (គូពិសេស) ពីរថ្ងៃជាប់គ្នាកន្លងមក។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ក៏បានឧបត្ថម្ភភេសជ្ជៈចំនួន ១០កេស និងបាននាំយកថវិកាសប្បរសជនចូលរួម រួមមាន៖ ឯកឧត្តម មៀច សាមុត និងមន្ត្រីក្រោមឱវាទ លោកឧកញ៉ា មេងអាន និងលោកជំទាវ មានចំនួនសរុប ១.៧០០.០០០រៀល។
កន្លងមកទូកង ខេត្តស្ទឹងត្រែងឈ្មោះ “សេកុងសែនជ័យបារមីព្រះអង្គធំ” ក៏បានទទួលការឧបត្ថម្ភពីឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង នូវថវិកា ២លានរៀល, ភេសជ្ជៈ 10កេស, ស្រាបៀ១០កេស និងអង្ករ ១០០គីឡូក្រាមផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់កីឡាចំណុះទូកទាំងអស់ត្រូវពង្រឹងទឹកចិត្តអត់ធ្មត់ និងប្តេជ្ញាយកប្រៀបឈ្នះលើគូប្រកួតឱ្យបាន។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានសង្កត់ថា កត្តាជោគជ័យគឺពឹងផ្អែកលើយុទ្ធសាស្ត្រ សុខភាព និងសាមគ្គីឯកភាពកម្លាំងតែមួយបានល្អ។
ជាថ្មីម្តងទៀត កីឡាកចំណុះទូកទាំងអស់ថ្លែងអំណរ គុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដែលបានឆ្លៀតពេលដ៏មានតម្លៃមកលើកទឹកកីឡាកទាំងអស់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា និងប្តេជ្ញាចិត្តដណ្តើមយកជ័យជម្នះផ្តាច់ព្រ័ត្រនៅថ្ងៃនេះឱ្យបាន ៕