ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលប្រចាំការ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដោយប្រសិទ្ធិភាពខ្ពស់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមគ្រូពេទ្យប្រចាំការ ក្រុមរថយន្តគិលានសង្រ្គោះ ដែលបានបំពេញការងារក្នុងរយ:ពេល៣ថ្ងៃនេះបានយ៉ាងល្អប្រសើរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្រ្តីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ និងខិតខំបន្តទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកបន្ថែមអំពីសារៈសំខាន់ និងអត្ថន័យនៃការជួយសង្រ្គោះអាទិភាព មានចំនួន ៤ពណ៌ ដែលក្រុមគិលានសង្រ្គោះត្រូវយកចិត្តទុកក្នុងការជួយដល់ជនរងគ្រោះ ដើម្បីបង្កើនប្រសិទ្ធិភាពថែមទៀតលើការងារជួយសង្រ្គោះ នៅតាមពិធីបុណ្យជាតិធំៗ ដែលមានមនុស្សច្រើន និងករណីមានការឡើងជាយថាហេតុណាមួយ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគិលានសង្រ្គោះដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ច ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនាឱកាសដ៏វិសេសវិសាលនេះ។
ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ និងសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះ សរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕