កូរ៉េខាងជើងប្តេជ្ញាបាញ់បង្ហោះផ្កាយរណបបន្ថែមទៀត និងពង្រឹងយោធានៅតាមព្រំដែន
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានព្រមានកាលពីថ្ងៃចន្ទថា ខ្លួននឹងបន្តអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន រួមទាំងតាមរយៈការបាញ់បង្ហោះផ្កាយរណប ខណៈដែលកងទ័ពរបស់ខ្លួនត្រូវបានគេរាយការណ៍ថាកំពុងស្តារឡើងវិញនូវប៉ុស្តិ៍យាមការពារដែលត្រូវបានបំផ្លាញមួយចំនួននៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ក្រសួងការបរទេសកូរ៉េខាងជើងបានលើកឡើងថា ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍កាលពីសប្តាហ៍មុនត្រូវបានជំរុញដោយតម្រូវការក្នុងការត្រួតពិនិត្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
របាយការណ៍របស់ KCNA បានបញ្ជាក់ថា វាគឺជាមធ្យោបាយស្របច្បាប់ និងត្រឹមត្រូវក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីការពារខ្លួន និងឆ្លើយតបយ៉ាងហ្មត់ចត់ចំពោះ និងត្រួតពិនិត្យយ៉ាងជាក់លាក់នូវសកម្មភាពយោធាដ៏ធ្ងន់ធ្ងរដោយសហរដ្ឋអាមេរិក និងបក្ខពួករបស់ខ្លួន។
កូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃអង្គារ ដោយនិយាយថា វាបានចូលគន្លងតារាវិថីដោយជោគជ័យ និងកំពុងបញ្ជូនរូបថត ប៉ុន្តែមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងអ្នកវិភាគបាននិយាយថា សមត្ថភាពរបស់វាមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។
ការបាញ់បង្ហោះនេះបានជំរុញឱ្យកូរ៉េខាងត្បូងផ្អាកឃ្លាសំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ និងបន្តការឃ្លាំមើលពីលើអាកាសនៅជិតព្រំដែន។
ប្រភព៖ REUTERS
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង