សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឧត្ដមភរិយា បង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាឧត្ដមភរិយា បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៩ វិច្ឆិកានេះ សម្ដេចធិបតី បានមានប្រសាសន៍ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។
ជាមួយគ្នានោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ។
សម្ដេចក៏បានកោតសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។
ទន្ទឹមគ្នានោះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកំសាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋយើង ៕