បុណ្យអុំទូក ៣ថ្ងៃ ខេត្តកែប ទទួលានភ្ញៀវទេសចរជាង ៩ម៉ឺននាក់
ភ្នំពេញ៖ណលោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានលើកឡើងថា កាលពីទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ ខេត្តកែបបានទទួលអ្នកទេសចរសរុបចំនួន៣៦ ៧៤២នាក់។ ចំពោះស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ ក្នុងរមណីយដ្ឋានខេត្តកែប មានភាពល្អប្រសើរ។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ទៀតថា រយៈពេល៣ថ្ងៃនៃការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ ខេត្តកែបទទួលភ្ញៀវទេសចរសរុបចំនួន ៩២ ៧៦១នាក់ ដែលមកលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្ត ក្នុងនោះភ្ញៀវជាតិមានចំនួន ៩១ ៩៦៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ៧៩៦នាក់ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានមានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប តែងតែជំរុញឱ្យមន្ទីរ-ស្ថាប័ននានា ចូលរួមសហការអនុវត្តតាមតួនាទីភារកិច្ច ពិសេសកិច្ចការពារពង្រឹងសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដើម្បីធានាសុវត្ថិភាពដល់បងប្អូន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកសម្រាកលំហែកម្សាន្ត ក្នុងតំបន់រមណីយដ្ឋានខេត្តកែប។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកែប ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ ខេត្តកែបទទួលបានសុខសុវត្ថិភាពល្អប្រសើរ គ្មានបញ្ហាណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ម្យ៉ាងទៀត ក្រុមអ្នកទេសចរបានធ្វើដំណើរដោយរលូន គ្មានករណីកកស្ទះចរាចរណ៍នោះទេ ព្រោះដងផ្លូវសំខាន់ៗជាច្រើនក្នុងរមណីយដ្ឋានខេត្តកែប ត្រូវបានស្ថាបនានិងពង្រីកយ៉ាងធំទូលាយ ដែលងាយស្រួលធ្វើដំណើរ។ ចំពោះកត្តាអនាម័យ ផ្នែកជំនាញពុះពារប្រមូល ដឹកសំរាម និងកាកសំណល់រាវ រឹង បានទាន់ពេលវេលា ដោយមិនទុកបង្អាក់យូរ ដែលបង្កឱ្យមានការរំខានដល់ក្រុមអ្នកទេសចរជាតិ និងអន្តរជាតិនោះដែលចូលមកទស្សនា សម្រាក កម្សាន្តក្នុងរមណីយដ្ឋានខេត្តកែបឡើយ៕