សម្តេចធិបតី ប្រកាសឱ្យអូសខ្សែបញ្ជូនថាមពលអគ្គសនីទៅកាន់ឃុំចំនួន៣ ក្នុងស្រុកថ្មបាំង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ប្រកាសឱ្យអូសខ្សែបញ្ជូនថាមពលអគ្គសនីទៅកាន់ឃុំចំនួន៣ ប្រវែងជាង ៣៣គីឡូម៉ែត្រ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង នាព្រឹកថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំចំនួន០៣ រួមមាន៖ ឃុំតាតៃលើ ឃុំជំនាប និងឃុំប្រឡាយ អាចផ្ដល់ផលដល់ពលរដ្ឋចំនួន ៦៦៣គ្រួសារ និងអាចកើនលើសនេះ នាពេលខាងមុខ ខណៈសម្ដេចជំរុញឱ្យអគ្គិសនីកម្ពុជាត្រូវធ្វើការតភ្ជាប់ឱ្យបានរួចរាល់នៅមុនបំណាច់ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ នេះគឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CH MC)។
គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។
គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគសរុបជិត ៤០០លានដុល្លារអាម៉េរិក។
គម្រោងនេះ ផ្ដល់សម្បទានរយៈ ពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លានគីឡូវ៉ាត់ម៉ោង ៕