ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) អំពីគម្រោងស្តីពី “Sustainable Coastal and Marine Fisheries”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) អំពីគម្រោងស្តីពី “Sustainable Coastal and Marine Fisheries” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគោលបំណងរបស់គម្រោងក្នុងការចូលរួមជួយលើកកម្ពស់ផលិតភាព និងពិពិធកម្មនៃវារីវប្បកម្មសមុទ្រ ដើម្បីផ្តល់ផលចំណេញដល់សហគមន៏នេសាទ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ត្រូវមានការសិក្សាច្បាស់លាស់នូវផែនការមេ សមាហរណកម្មរួមបញ្ចូលគ្នា ព្រមទាំងធ្វើឱ្យចំគោលដៅ និងមានប្រសិទ្ធភាពពិតប្រាកដ ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពរបស់អ្នកនេសាទឱ្យកាន់តែប្រសើរ ដោយផ្តោតលើចក្ខុវិស័យវែងឆ្ងាយ។
ចំពោះការងារវិទ្យាស្ថានស្រាវជ្រាវជលផលសមុទ្រ (MaFReDI) និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៏វារីវប្បកម្មសមុទ្រ (MARDeC) ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថា ត្រូវធ្វើអង្គភាពទាំងពីរឱ្យដំណើរការល្អ ប្រកបដោយសមត្ថភាពក្នុងការផ្តល់សេវាកម្មស្រាវជ្រាវ និងអភិវឌ្ឍ អោយមានប្រសិទ្ធភាព និងមានភាពម្ចាស់ការ។
សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំខាងលើគឺ ជំរុញការផ្តួចផ្តើមអាជីវកម្ម និងពិពិធកម្មនៃវារីវប្បកម្មសមុទ្រ ការតភ្ជាប់ទីផ្សារសម្រាប់ផលិតផលជលផលសមុទ្រ គាំទ្រហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងលើកកម្ពស់ផលិតភាពនិងភាពធន់នឹងអាកាសធាតុនៃជលផលតំបន់ឆ្នេរ និងសមុទ្រកម្ពុជា។ គម្រោងនេះមានរយៈពេល៧ឆ្នាំ ដោយធ្វើឡើងនូវតំបន់គោលដៅចំនួន៤ ពោលគឺ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ៕