ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ឆ្នាំនេះ នឹងរៀបចំឡើងក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រជុំគណៈកម្មការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំទិវាខាងលើនេះ។
ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ពិធីដ៏មហោឡារិកនេះនឹងមានអ្នកចូលរួមប្រមាណជិត ៤ ០០០នាក់។
នេះជាកម្មវិធីលើកទី១ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែលអាណត្តិកន្លងទៅ អតីតនាយករដ្ឋមន្ត្រីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាបងប្អូនជនមានពិការភាពមកពីតាមរាជធានី-ខេត្តផងដែរ។ នេះជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់បំផុតរបស់ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចំពោះសុខទុក្ខបងប្អូនជនមានពិការភាពយើង។
ឆ្នាំ២០២៣នេះ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌”។ ប្រធានបទឆ្នាំនេះរៀបចំឡើងក្នុងគោលដៅជំរុញឱ្យមានការគិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា៕