រដ្ឋបាលជលផល ផ្ដល់លិខិតសរសើរ ដល់ពលរដ្ឋគំរូដែលបានលែងត្រីគល់រាំង ១ក្បាលចូលទន្លេសាបវិញ
ភ្នំពេញ៖ ឯកឧត្ដម ពុំ សុថា ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅពីថ្ងៃទី៣០ ខែវិច្ឆិកា បានចេញលិខិតសរសើរមួយជូនដល់លោក ឆេង ឃា ពលរដ្ឋម្នាក់នៅខេត្តកំពង់ឆ្នាំង ដែលបានលែងត្រីគល់រាំង១ក្បាលចូលទន្លេសាបវិញ ក្រោយគាត់នេសាទបាន។
ឯកឧត្ដម ពុំ សុថា លើកឡើងថា «សកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។
លោក ឆេង ឃា អាយុ៣៦ឆ្នាំ មានទីលំនៅនៅភូមិក្រងផ្តិក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នេសាទបានត្រីគល់រាំង១ក្បាល ទម្ងន់៨,៥០គីឡូក្រាម ប្រវែង០,៦០ម៉ែត្រ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ប៉ុន្តែក្រោយមក លោកបានលែងត្រីនោះ ចូលទន្លេសាបវិញ។
ត្រីគល់រាំង ជាត្រីតំណាងឲ្យអត្តសញ្ញាណជាតិកម្ពុជា ហើយត្រីប្រភេទនេះ រួមទាំងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទទទួលរងគ្រោះជិតផុតពូជបំផុតទាំងនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯ ត្រីក្របី ត្រីខ្លា និងត្រីត្រចៀកដំរី ត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជ ក្នុងប្រទេសកម្ពុជា៕