ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ស្ថាបត្យករ និងវិស្វករ ត្រូវចេះគិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាលជាមួយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា។
ការជួបជុំគ្នានាពេលនេះគឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា និងឈ្វេងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅសំរាប់អនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុក។
នាឱកាសនោះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរម្លឹកអំពីដំណាក់កាលជាច្រើន ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងប្រវត្តិសាស្ត្រ ក្នុងនោះមានការកសាងប្រាសាទអង្គរវត្តដែលជាស្នាដៃស្ថាបត្យកម្មកំពូលរបស់បុព្វបុរសខ្មែរ ព្រមទាំងដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀត ដូចជាដំណើរស្វែងរកសន្តិភាពឱ្យប្រជាជនកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងការរក្សាបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រជាដើម។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំស្ថាបត្យករ និងវិស្វករ ថែរក្សាសុខភាពឱ្យបានល្អ និងត្រូវចេះគិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ ៕