រដ្ឋមន្រ្តីបរិស្ថាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគុយបា ដើម្បីលើកស្ទួយវិស័យបរិស្ថាន នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។
លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានថ្លែងថា ជំនួបនៅក្នុងថ្ងៃនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងក្រសួងបរិស្ថាន និងក្រសួងវិទ្យាស្ថាន និងបរិស្ថាននៅគុយបា ដើម្បីលើកស្ទួយវិស័យបរិស្ថាន។
លើសពីនេះ លោកជំទាវ ក៏សូមសម្តែងកាអបអរសាទរចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមជាតំណាងប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល G77 នៅប្រទេសចិន និងសូមជូនពរឱ្យឯកឧត្តម ទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំ COP-28 នៅប្រទេសឌូបៃនាពេលខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា សូមអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងក្រសួង និងវិទ្យាស្ថានបរិស្ថាន របស់ប្រទេសគុយបា ដែលបានយកចិត្តទុកដាក់ក្នុងវិស័យបរិស្ថាន។
ជាការពិតណាស់ បរិស្ថានជាបញ្ហាសកល ដែលមិនអាចមើលរំលងបាន ហេតុនេះក្នុងរយៈពេល ១០០ថ្ងៃ ដំបូងនៃរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបានដាក់ចេញ នូវយុទ្ធសាស្រ្តចក្រា ដែលមានការងារអាទិភាព៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ជាការកត់សម្គាល់បន្ថែម ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះប្រទេសគុយបា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យនានា នៅកម្ពុជា ដែលមានជាអាទិ៍៖ វិស័យសុខាភិបាល កសិកម្ម និងវិស័យសក្តានុពលផ្សេងៗទៀត ៕