ប្រមុខរាជរដ្ឋាភិបាល ប្រកាសដាក់ចេញ “យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ
ភ្នំពេញ៖ ក្នុងឱកាសបើក បវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា បានលើកឡើងថា «នៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមប្រកាសដាក់ចេញនូវ “យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ,និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសនសន្និបាតអប់រំប្រចាំឆ្នាំផងដែរ»។
សម្ដេចធិបតី បញ្ជាក់ថា ការដាក់ចេញនូវអាទិភាពគោលនយោបាយ, វិធានការគន្លឹះ និងយុទ្ធនាការខាងលើនេះ មានគោលដៅធ្វើឱ្យសាលារៀន ក្លាយជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់, អភិបាលកិច្ចល្អ, និងមានគណនេយ្យភាព ជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀន ដែលនឹងនាំទៅរក ការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំដែលចំណុះឱ្យកត្តាសំខាន់ៗ ៤ រួមមាន៖
(១) កត្តាសាលារៀន៖ សាលារៀនត្រូវផ្តល់នូវ បរិស្ថានអំណោយផល សម្រាប់ការបំពេញការងាររបស់គ្រូបង្រៀន និងការសិក្សារបស់សិស្ស ដូចជាការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ មានប្រសិទ្ធភាព,ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមស្រប, អនាម័យនិងសុវត្ថិភាព, ការប្រើប្រាស់ថវិកាដើម្បីគាំទ្រការរៀននិងបង្រៀន, ស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងគណនេយ្យភាពរបស់សាលារៀន។
(២) កត្តាគ្រូបង្រៀន៖ គ្រូបង្រៀនត្រូវមានគុណវុឌ្ឍិខ្ពស់, មានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, មានវិធីសាស្ត្របង្រៀនថ្មី, និងចេះប្រើប្រាស់បច្ចេកវិទ្យា និងរង្វាយតម្លៃក្នុងការបង្រៀន។ ទន្ទឹមនេះ គ្រូបង្រៀនក៏ត្រូវខិតខំប្រឹងប្រែង និងមានឥរិយាបថល្អ, ទទួលបាននូវលក្ខខណ្ឌការងារ និងការរស់នៅសមរម្យ,ទទួលបានឱកាសសម្រាប់ការសិក្សាស្រាវជ្រាវ និងសហគមន៍សិក្សាវិជ្ជាជីវៈ ព្រមទាំងការលើកទឹកចិត្តតាមគ្រប់រូបភាព។
(៣) កត្តាសិស្ស សិស្សមានការលូតលាស់រាងកាយ ខួរក្បាល សតិបញ្ញា មានឥរិយាបថវិជ្ជមាន មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការសិក្សារៀនសូត្រ និងត្រៀមខ្លួនរួចស្រេចសម្រាប់ការសិក្សា។
សាលារៀនទាំងនៅទីជនបទ និងតំបន់ជួបការលំបាក ត្រូវមានកម្មវិធីបំប៉នអាហារូបត្ថម្ភ, ការផ្ដល់អាហារូបករណ៍, និងការផ្តល់អាហារតាមសាលារៀន។ (៤) កត្តាគ្រួសារ៖ ស្ថានភាពសេដ្ឋកិច្ចនិងសង្គមរបស់គ្រួសារ, ការឱ្យតម្លៃលើការរៀនសូត្រ, ការជួយគាំទខាងផ្នែកស្មារតី និងសម្ភារ ពិតជាមានសារៈសំខាន់សម្រាប់ការអប់រំ។ ទោះជាយ៉ាងណា បញ្ហាចំណាកស្រុក, កង្វះការថែទាំកុមារ, ស្ថានភាពអនាម័យ, និងការប្រើប្រាស់ពលកម្មកុមារ ដើម្បីរកប្រាក់ចំណូល បានជះឥទ្ធិពលអវិជ្ជមាន លើការសិក្សារបស់សិស្ស។
សម្ដេចធិបតីថ្លែងបន្តថា ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំយន្តការដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេចបានស្តង់ដាសាលារៀនមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ត “ស្តង់ដាសាលារៀនគំរូ” និង “ពានរង្វាន់ សាលាគំរូ សម្តេចមហាបវរធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ៕