ក្រសួងកសិកម្ម នឹងចងក្រងជាសហគមន៍កសិកម្ម ដើម្បីឲ្យការដាំដុះស្វាយចន្ទី ស្ថិតនៅក្នុងតម្លៃមួយ ដែលកសិករ ទាំងអ្នកប្រមូលទិញអាចទទួលយកបាន
ភ្នំពេញ៖ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្ម បានដាក់ចេញនូវគោលនយោបាយ ដោយចងក្រងសហគមន៍កសិកម្ម ដើម្បីឲ្យការដាំដុះស្វាយចន្ទី ស្ថិតនៅក្នុងតម្លៃមួយអាចទទួលយកបានទាំងកសិករ និងអ្នកប្រមូលទិញ។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបែបនេះ ធ្វើឡើងក្នុងឱកាសដែលក្រសួងកសិកម្ម និងសហភាពអឺរ៉ុប រៀបចំដំណើរទស្សនកិច្ច នាំក្រុមអ្នកព័ត៌មាន ចុះទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា រយៈពេល៤ថ្ងៃ នៅខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
លោកជំទាវ អ៊ឹម រចនា បញ្ជាក់ថា «យើងបានដាក់ចេញ នូវគោលនយោបាយដ៏សំខាន់ នៅក្នុងអាណត្ដិនេះ គឺយើងចងក្រងជាសហគមន៍កសិកម្ម ដើម្បីឲ្យការដាំដុះស្វាយចន្ទី ទាំងកសិករ ទាំងអ្នកប្រមូលទិញផ្សារភ្ជាប់គ្នា ។ ចំពោះការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី សមាមាត្រគ្នា ហើយស្ថិតនៅក្នុងតម្លៃមួយ ដែលអាចទទួលយកបានទាំងអស់គ្នា»។
លោកជំទាវបន្តថា នៅក្នុងយន្តការដែលអនុវត្តនេះ ក្រសួងនឹងប្រមូលម្ដុំ ប្រជាកសិករដែលដាំដុះដំណាំតាមប្រភេទ ចងក្រងចូលជាសហគមន៍តែមួយ ដោយនឹងដំណើរការជាលក្ខណៈដូចជាក្រុមហ៊ុនមួយ។
លោកជំទាវគូសបញ្ជាក់ថា ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងតែបន្តទាក់ទាញអ្នកវិនិយោគ ឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា បន្ទាប់ពីសហគមន៍កសិកម្ម ដំណើរការបានល្អ ដែលអាចធានានូវការផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដូចជាការកែច្នៃផលិតផល ដែលកែច្នៃរួច ជូនទៅដល់អ្នកវិនិយោគ ៕