សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹករឿងលិខិតឆ្លងដែនត្រូវប៉ូលីសអន្តោប្រវេសន៍មើលប្រហែល១៥នាទី ពេលសម្តេចទៅរៀននៅអង់គ្លេស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹករឿងលិខិតឆ្លងដែនត្រូវប៉ូលីសអន្តោប្រវេសន៍មើលប្រហែល១៥នាទី ពេលសម្តេចទៅរៀននៅអង់គ្លេស។
ការំលឹកបែបនេះរបស់សម្តេចធិបតីបានធ្វើឡើងនៅព្រលប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីបិទបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«បទពិសោធន៍ខ្ញុំជាក់ស្តែង ខ្ញុំរៀននៅក្រៅប្រទេស ខ្ញុំជួបប្រជាពលរដ្ឋមួយចំនួន ឆ្នាំ២០០២ ដែលខ្ញុំទៅប្រទេសអង់គ្លេស ដំបូងទៅដល់ព្រលានយន្តហោះប៉ាស្ព័ររបស់ខ្ញុំត្រូវបានគេទុកប៉ូលីសអន្តោប្រវេសន៍មើលប្រហែល១៥នាទី ខ្ញុំឆ្ងល់ថាមានបញ្ហាអី ខ្ញុំសួរថាមានបញ្ហាអី ព្រោះវីហ្សាខ្ញុំបានសុំ គាត់ថាអត់បញ្ហាអីទេគ្រាន់តែគាត់ថាមិនដែលឃើញប៉ាស្ព័រកម្ពុជា អ្នកឯងជាមនុស្សទី១ ដែលកាន់ប៉ាស្ព័រកម្ពុជា មករៀននៅអង់គ្លេស»។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា ក្រោយពេលដែលប៉ូលីសរបស់អង់គ្លេសបានដឹងថា សម្តេចជាជនជាតិកម្ពុជា ភ្លាមៗប៉ូលីសអង់គ្លេស ក៏បានសួរនាំសម្តេចថា តើប្រទេសកម្ពុជាអស់សង្គ្រាមហើយ ឬនៅ?។ តាមរយៈការបញ្ជាក់ប្រាប់ទៅវិញរបស់សម្តេចនាពេលនោះ ប៉ូលីសអង់គ្លេសរូបនេះ ក៏បានពិចារណាចង់មកលេងកម្សាន្តនៅកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅពេលរយៈពេល២ឆ្នាំ ដែលសម្តេចសិក្សានៅប្រទេសអង់គ្លេស គឺស្ថានភាពប្រទេសកម្ពុជា បានប្រែប្រួលីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០២ កម្ពុជាទើបបញ្ចប់សង្គ្រាមស៉ីវិល។ នៅក្នុងកំឡុងឆ្នាំ២០០៤ នៅពេលសម្តេចជួបជាមួយមន្ត្រីប៉ូលីសអន្តោប្រវេសន៍អង់គ្លេសផ្សេងទៀត គឺបានបញ្ជាក់ប្រាប់សម្តេចថា គ្រួសាររបស់គាត់បានមកលេងប្រទេសកម្ពុជា គឺប្រាប់ថាកម្ពុជាមានសុខសុវត្ថិភាពល្អណាស់ ហើយរូបគាត់ផ្ទាល់នឹងមកលេងកម្ពុជា ផងដែរ៕