ក្រសួងបរិស្ថាន ប្រកាសសមិទ្ធផលការងារនៅត្រីមាសដំបូងនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧
ភ្នំពេញ៖ នៅក្នុងត្រីមាសដំបូងនេះ សមិទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបានរួមមាន ប្រជាពលរដ្ឋជាង៣លានអង្គ/នាក់(៣,១៨៣,៦៧១អង្គ/នាក់)ចូលរួម និងបានប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលចាប់ផ្តើមពីថ្ងៃទី០១ កញ្ញា ២០២៣ ។
សម្រេចបានកូនឈើចំនួន ១,២១៤,៣០០ដើម ក្នុងចំណោមខេត្ត/ក្រុងចំនួន២៥ ដែលក្នុងនោះមានប្រភេទឈើប្រណិតៗដូចជា ធ្នុង បេង នាងនួន ក្រញូង ឈើទាល គគី ក្ងោក និងប្រភេទឈើផ្សេងៗ នៃយុទ្ធនាការថ្ងៃ១០តុលា២០២៣ស្តីពី ការដាំ និងស្តារព្រៃឈើឡើងវិញសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នឹងការដាំដើមឈើត្រូវដាំឱ្យស្របទៅនឹងស្ថានភាពដីសំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ។
បន្ថែមពីនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការចំនួន ៤ ដោយម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
សូមបញ្ជាក់ថា នាវាបរិស្ថានមានត្រីវិស័យបង្ហាញផ្លូវច្បាស់លាស់ ទទួលបានផលជាផ្លែផ្កាក្នុងរយៈពេល១០០ថ្ងៃនៃត្រីមាសដំបូងនេះ គឺដោយមានផែនទីបង្ហាញផ្លូវពីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ គឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានភាពលំអិត ងាយស្រួសវាស់វែងលទ្ធផលការងារ និងជាក់លាក់នេះហើយ បានរុញច្រានឱ្យនាវាបរិស្ថានកម្ពុជា ឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព៕