ប្រមុខរាជរដ្ឋាភិបាល៖ ការប្រារព្ធទិវាជនមានពិការភាពនេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ប្រធានបទនៃទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១នេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាជនមានពិការភាពនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកពីការតស៊ូ ទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពនៅទូទាំងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញាដែលតែងតែជួបប្រទះនូវឧបសគ្គរារាំង នៅក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ៕