វៀតណាមនឹងស៊ើបអង្កេតលើដំណោះស្រាយកំណើនឥណទានរបស់ធនាគារកណ្តាលរបស់ខ្លួន
ហាណូយ៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរបស់ប្រទេសវៀតណាមនឹងធ្វើការស៊ើបអង្កេតលើការដោះស្រាយកំណើនឥណទានរបស់ធនាគារកណ្តាល បន្ទាប់ពីរដ្ឋាភិបាលបានត្អូញត្អែរថាឥណទានមានការកើនឡើងយឺតពេក។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានស្នើឱ្យអធិការកិច្ចរដ្ឋាភិបាលធ្វើការស៊ើបអង្កេត។
ធនាគាររដ្ឋវៀតណាម (SBV) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
កំណើនសេដ្ឋកិច្ចរបស់វៀតណាមភាគច្រើនពឹងផ្អែកលើកំណើនឥណទានដែលគ្រប់គ្រងដោយធនាគារកណ្តាល ដែលកំណត់គោលដៅប្រចាំឆ្នាំសម្រាប់ធនាគារដោយមានគោលបំណងគ្រប់គ្រងការផ្តល់ប្រាក់កម្ចី និងគ្រប់គ្រងកំណើន។
SBV ដែលកំណត់គោលដៅកំណើនឥណទាន ១៤% សម្រាប់ប្រព័ន្ធធនាគារនៅឆ្នាំនេះ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ប្រាក់កម្ចីមានការកើនឡើងត្រឹមតែ ៨.២១% គិតត្រឹមថ្ងៃទី ២២ ខែវិច្ឆិកា ធៀបនឹងចុងឆ្នាំមុន ហើយកំណើនឥណទានមិនស្មើគ្នាក្នុងចំណោមធនាគារ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមួយផ្សេងទៀតបានបញ្ជាក់ថា លោក Khai បានប្រាប់ SBV នៅក្នុងកិច្ចប្រជុំមួយនៅសប្តាហ៍នេះថា កំណើនឥណទានមានកម្រិតទាបពេក ដោយបានណែនាំធនាគារកណ្តាលឱ្យពិនិត្យឡើងវិញនូវសកម្មភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារពាណិជ្ជនីមួយៗ។
ប្រភព៖ REUTERS
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង