កងកម្លាំងរបញ្ជាការដ្ឋានទ័ពពិសេស ចុះជួយប្រមូលផលស្រូវ និងជួបសំណេះសំណាលជាមួយ នាយ-ពលទាហានប្រចាំការនៅទិសប្រសាទព្រះវិហារ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចំនួន ៣០នាក់មកពីបញ្ជាការដ្ឋានទ័ពពិសេសកំបូល រួមជាមួយកម្លាំងបញ្ជាការដ្ឋានទ័ពពិសេសប្រចាំការនៅទីបញ្ជាការស្រាលទិសប្រាសាទព្រះវិហារចំនួន ១១៨នាក់ បានចុះជួយប្រមូលផលស្រូវ ដែលនាយ និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសបង្ករបង្កើនផលបាន ក្នុងភូមិសាស្ត្រ ភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន ខេត្តព្រះវិហារ លើផ្ទៃដីជាង១០០ហិតា។
ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ក៏បានជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានមកបំពេញការងារនៅទីបញ្ជាការស្រាលទិសប្រាសាទព្រះវិហារ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាំសាកសួសុខទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ៍ពជើងគោកជូនចំពោះនាយទាហាន ពលទាហាន និងក្រុមគ្រួសារ ព្រមទាំងបានថ្លែង នូវការកោតសរសើរ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ ប្រឹងប្រែង យកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារ ជាតិមាតុភូមិ ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្ម ក្នុងការងារបង្ករបង្កើនផល ចិញ្ចឹមសត្វក្នុងរយៈពេលកន្លងមក។
ឯកឧត្តម ស៊ុំ សំណាង បានផ្តាំផ្ញើដល់ នាយ និងពលទាហានទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត នូវរាល់ភារកិច្ចការងារដែលប្រមុខរាជារដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោកដាក់ជូន និងបន្តខិតខំប្រឹងប្រែង ក្នុងការបង្ករបង្កើនផល ចិញ្ចឹមសត្វ ឲ្យបានច្រើនទ្វេរដងថែមទៀត ដើម្បីផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកងទ័ព។
ក្នុងឧិកាសចុះសួរសុខទុកនោះដែរឯកឧត្តម ស៊ុំ សំណាង ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកាដែលជាអំណោយរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហានប្រចាំការនៅទីបញ្ជាការស្រាលទិសប្រាសាទព្រះវិហារនេះផងដែរ ៕