សម្ដេចធិបតី៖ ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គម ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤ ខាងមុខតទៅ ៕