សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិចំនួន៤ នៅក្មុងក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
ភ្នំពេញ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិចំនួន៤ នៅក្មុងក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។
កម្មវិធីចំនួន៤នឹងត្រូវធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសាររួមមាន៖
-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
-កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា
-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព
-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។
គួរបញ្ជាក់ថា ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារត្រូវបានរៀបចំឡើង សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលជាបណ្ដុំនៃកម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែលមានស្រាប់និងកម្មវិធីដែលនឹងត្រូវបង្កើតថ្មីមួយចំនួន) ដែលមានលក្ខណៈសមាហរណនិងអនុវត្តក្នុងទម្រង់រួមមួយ ក្រោមប្រតិបត្តិករទោល ពោលគឺមូលនិធិជាតិជំនួយសង្គមនិងមានការចូលរួមគាំទ្រអនុវត្តពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ៕