ប.ស.ស. នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម
ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមមេធាវីប្រចាំ ប.ស.ស. ដើម្បីពិភាក្សាទៅលើផ្លូវច្បាប់ក្នុងការអនុវត្តចំពោះ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកស្តីទី បានថ្លែងបញ្ជាក់ថា កន្លងមកមានសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនមួយចំនួន មិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយបានលាក់ចំនួនបុគ្គលិក ឬកម្មករនិយោជិត ដោយមិនប្រកាសឈ្មោះមក ប.ស.ស. ដើម្បីស្នើសុំចុះបញ្ជីចូលសមាជិក ប.ស.ស. ជាហេតុធ្វើឱ្យពួកគាត់ទាំងអស់មិនអាចទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែលផ្ទុយពីច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ឯកឧត្តមអគ្គនាយកស្តីបានបញ្ជាក់ទៀតថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ហើយការដែលធ្វើបែបនេះ គឺដើម្បីឱ្យបងប្អូនដែលជាបុគ្គលិក ឬកម្មករនិយោជិតកំពុងបំពេញការងារក្នុងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់នោះ ឱ្យទទួលបានការគាំពារពេញលេញ ក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម៕