១ឆ្នាំនៃការឡើងកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា ក្រើនរំលឹកដល់ក្មួយៗដែលប្រឡងជាប់និទ្ទេស A ត្រូវបន្តកសាងខ្លួន ឱ្យក្លាយជាធនធានមនុស្សសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាខេត្តរបស់យើង
ភ្នំពេញ៖ ពេញ១ឆ្នាំនៃការឡើងកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ដែលទើបប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងឆ្នាំនេះ ត្រូវបន្តខិតខំរៀនសូត្រនៅកម្រិតឧត្តមបន្ថែមទៀត ធ្វើយ៉ាងណាឲ្យក្លាយទៅជាបុគ្គលមានសមត្ថភាព មានទាំងចំណេះដឹង មានគុណធម៌ សីលធម៌ មកបម្រើជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចម្រើន ដល់ខ្លួនឯង គ្រួសារ និងវិលត្រឡប់មកខេត្តពោធិ៍សាត់វិញ រួមគ្នាកសាង អភិវឌ្ឍន៍ខេត្តរបស់យើង ឲ្យកាន់តែរីកចម្រើន។
ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹកបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត អមដោយប័ណ្ណសរសើរ ជូនដល់ក្មួយៗសិស្សានុសិស្សទទួលបាននិទ្ទេស A នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន៣៣នាក់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត គណៈអភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សាស្ត្រាចារ្យ មាតាបិតា និងអាណាព្យាបាលសិស្សជាច្រើននាក់ទៀត។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល ឯកឧត្ដម ខូយ រីដា បានលើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផល ជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ហើយនៅចំពោះមុខ យើងត្រូវគិតគូរអំពីអនាគត ជាពិសេសត្រូវបន្តការសិក្សាលើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស សម្រាប់ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រឡងប្រជែងនៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល្យរបស់ខ្លួនឯងពោលគឺទៅតាមលទ្ធភាព ដែលខ្លួនមានពិតប្រាកដ។
ឯកឧត្ដមបានបន្តថា លើសពីនោះ នៅពេលដែលក្មួយៗ បានបន្តនៅកម្រិតឧត្តមសិក្សា សូមក្មួយៗបន្តខិតខំឧស្សាហ៍ព្យាយាមរៀនសូត្រ ឲ្យបានពូកែបន្ថែមទៀត ធ្វើយ៉ាងណាឲ្យក្លាយទៅជាបុគ្គលមានសមត្ថភាព មានចំណេះដឹង មានគុណធម៌ សីលធម៌ មកបម្រើជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចម្រើន ដល់ខ្លួនឯង គ្រួសារ និងវិលត្រឡប់មកខេត្តពោធិ៍សាត់វិញ រួមគ្នាកសាង អភិវឌ្ឍន៍ខេត្តរបស់យើង ឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។
ឯកឧត្ដម ខូយ រីដា បានឲ្យដឹងទៀត ថវិកាដែលបានផ្តល់ជូននាពេលនេះ គឺជាការលើកទឹកចិត្តចំពោះក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ មួយវិញទៀត ក៏បង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ ពីសំណាក់រដ្ឋបាលខេត្ត ដើម្បីធ្វើយ៉ាងណាឲ្យក្មួយៗ មានធនធានមួយចំនួនសម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនធានមនុស្ស ដែលពោរពេញទៅដោយចំណេះដឹង និងមានសមត្ថភាព។ ការខិតខំប្រឹងប្រែងរបស់ក្មួយៗទាំងអស់ ពិតជាបានលើកកម្ពស់កិត្តិយស ខ្លួនឯង គ្រួសារ និងសង្គមជាតិ ជាពិសេសមុខមាត់ របស់ខេត្តពោធិ៍សាត់យើង។
ឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ បានបន្ថែមថា ទាំងអស់នេះបានបង្ហាញឲ្យឃើញអំពីដើមចម គឺដោយសារការខិតខំប្រឹងប្រែងរបស់ សាស្ត្រាចារ្យគ្រប់មុខវិជ្ជា ក្នុងការបង្ហាត់ បង្រៀន ផ្ទេរចំណេះដឹង ព្រមទាំងទូន្មានសិស្សឲ្យធ្វើអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ គោរពចាស់ទុំ តាមគំនិតថ្មី នៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង មានចំណេះធ្វើ មានសីលធម៌ និងចេះរួមរស់នៅជាមួយគ្នា ប្រកបដោយសុខដុមនៅក្នុងសង្គម។ ផ្អែកតាមការខិតខំ អំណត់ព្យាយាម និងជម្នះគ្រប់ឧបស័គ្គនោះ ទើបធ្វើឲ្យក្មួយៗទាំង៣៣នាក់ ក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃ ហើយអនាគតក្មួយៗនឹងក្លាយជាកម្លាំងចលករ នៃការអភិវឌ្ឍន៍សង្គមជាតិជាក់ជាមិនខាន។
ចំពោះថវិកាដែលឯកឧត្ដមអភិបាលខេត្ត បានផ្តល់ជូនដល់សិស្សនិទ្ទេស A ទាំង៣៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា១លានរៀល អមដោយប័ណ្ណសរសើរមួយ ដោយឡែកវិទ្យាល័យចំនួន៨ ក្នុងមួយវិទ្យាល័យ ទទួលបានថវិកា៤០ម៉ឺនរៀល។
សូមជម្រាបជូនថា យោងតាមរបាយការណ៍ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សិស្សបានចុះឈ្មោះប្រឡង ចំនួន៣,៧៦០នាក់ ស្រី២,០១៤នាក់ បេក្ខជនបានមកប្រឡង ៣,៦៨៦នាក់ ស្រី១,៩៩១នាក់ បេក្ខជនអវត្តមាន ចំនួន៧៤នាក់ ស្រី២៣នាក់ បេក្ខជនប្រឡងជាប់ បានចំនួន២,៣៤៦នាក់ ស្រី១,៣៦០នាក់ ស្នើនឹង៦៣.៦៥%។ ក្នុងចំនួននោះបេក្ខជនប្រឡងជាប់ ទទួលបាននិទ្ទេស A ចំនួន៣៣នាក់ ស្រី២១នាក់ និទ្ទេស B ចំនួន១៤៤នាក់ ស្រី៨៩នាក់ និទ្ទេស C ចំនួន៤០៧នាក់ ស្រី២៧១នាក់ និទ្ទេស D ចំនួន៧៨១នាក់ ស្រី៤៥០នាក់ និងនិទ្ទេស E ចំនួន៩៨១នាក់ ស្រី៥២៩នាក់៕