នគរបាលស្រុកសង្កែ ឃាត់ខ្លួនបុរសម្នាក់ រួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ អនុវត្តតាមច្បាប់
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង១១និង០០នាទី នៅចំណុចក្រុមទី១ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលបណ្តឹងពីម្តាយបង្កើតជនរងគ្រោះ ឈ្មោះ តង់ សារ៉ុត អាយុ៤៣ឆ្នាំ មានទីលំនៅក្រុមទី០១ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់គាត់ ឈ្មោះ ស-ក-ញ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រហូតបានសំរេចចំនួន ៦លើក ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនរា បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហែម ហឿប ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវជា(អ៊ុថ្លៃ) ។ សមត្ថកិច្ចបានសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរួមភេទជាមួយក្មេងស្រីរងគ្រោះឈ្មោះ ស-ក-ញ ភេទស្រី អាយុ១៤ឆ្នាំ រួមភេទបានសំរេចចំនួន ០៦លើក ពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕